សម្លេងនៃភាពស្ងាត់ស្ងៀម
មិត្តភក្តិខ្ញុំម្នាក់ដែលខ្ញុំចូលចិត្តទៅស្ទូចត្រីជាមួយ បានសង្កេតឃើញថា “កន្លែងទឹករាក់ មានសម្លេងទឹកហូរខ្លាំង។ តែនៅកន្លែងទឹកជ្រៅ សម្លេងទឹកហូរមានសភាពស្ងប់ស្ងាត់”។ គាត់ចង់មានន័យប្រៀបធៀបថា មនុស្សដែលចូលចិត្តនិយាយច្រើន ហើយឮៗជាងគេ ច្រើនតែមានពាក្យសម្តីដែលមានន័យតិចតួចណាស់ សម្រាប់និយាយ ហើយក៏មិនពូកែស្តាប់គេឯងនិយាយផង។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទចម្រៀងចាស់ពីដើមរបស់លោកសាយមុន(Simon) និងហ្គាហ្វ៊ុងគែល(Garfunkel) មានចំណងជើងថា សម្លេងនៃភាពស្ងប់ស្ងាត់ ដែលនិយាយអំពីមនុស្សដែលបានស្តាប់ តែមិនដឹងថាគេនិយាយពីអ្វី។ ពួកគេបានស្តាប់ឮពាក្យដែលគេនិយាយ តែមិនព្រមឈប់គិតអំពីអ្វីផ្សេង បានជាមិនដឹងថា គេនិយាយពីអ្វី។
បើសិនជាយើងរាល់គ្នារៀនរក្សាភាពស្ងប់ស្ងាត់ ហើយនៅស្ងៀម ដើម្បីស្តាប់គេនិយាយឲ្យបានច្រើន មិនដឹងជាប្រសើរយ៉ាងណាទេ។ មានពេលដែល “ត្រូវនៅស្ងាត់ស្ងៀម និងមានពេលដែលត្រូវនិយាយ”(សាស្តា ៣:៧)។ ការនៅស្ងាត់ស្ងៀមដែលល្អ គឺជាការនៅស្ងាត់ស្ងៀម ដោយត្រចៀកស្តាប់គេនិយាយ ឬនៅស្ងាត់ស្ងៀមដោយមានការបន្ទាបខ្លួន។ ការនៅស្ងាត់ស្ងៀមដូចនេះ នាំឲ្យយើងស្តាប់បានត្រឹមត្រូវ មានការយល់ដឹងត្រឹមត្រូវ និងនិយាយបានត្រឹមត្រូវ។ គឺដូចបទគម្ពីរសុភាសិតបានចែងថា “សេចក្តីដំបូន្មាននៅក្នុងចិត្តមនុស្ស នោះធៀបដូចជាអណ្តូងដ៏ជ្រៅ តែមនុស្សដែលមានយោបល់ គេនឹងដងឡើងបាន”(សុភាសិត ២០:៥)។ យើងត្រូវស្តាប់ ដោយយកចិត្តទុកដាក់ ដើម្បីឲ្យយល់ស៊ីជម្រៅ ដល់បាតនៃសេចក្តី។
ហើយពេលយើងស្តាប់អ្នកដទៃនិយាយ យើងក៏គួរតែស្តាប់ព្រះមានបន្ទូលអ្វីខ្លះ តាមរយៈអ្នកដែលយើងកំពុងស្តាប់នោះ។ ការនេះបានធ្វើឲ្យខ្ញុំនឹកចំា អំពីព្រះយេស៊ូវ ដែលបានយកព្រះអង្គុលីទ្រង់សរសេរនៅលើដី ខណៈពេលដែលពួកផារិស៊ីស្រែកដាក់ស្រ្តី ដែលគេបានទាន់ពេលប្រព្រឹត្តអំពើផឹតក្បត់(មើលយ៉ូហាន ៨:១-១១)។ តើហេតុអ្វីទ្រង់ធ្វើដូចនេះ? ខ្ញុំជឿថា…
កិច្ចការដែលធ្វើដដែលៗ
សាលាវិទ្យាល័យ ដែលខ្ញុំបានទៅរៀនកាលពីមុន តម្រូវឲ្យសិស្សសិក្សាភាសាឡាតាំង៤ឆ្នាំ។ សព្វថ្ងៃនេះ ខ្ញុំបានយល់ពីតម្លៃនៃការរៀនភាសាមួយនេះ តែកាលពីមុន វាជាការសិក្សាដ៏គួរឲ្យធុញទ្រាន់។ កាលនោះ គ្រូរបស់ខ្ញុំជឿថា ការអនុវត្តន៍ និងការទន្ទេញច្រើនលើកច្រើនសារ មានប្រយោជន៍ណាស់។ បានជាគាត់តែងតែនិយាយឮៗ មកកាន់យើង ជាភាសាឡាតាំង មួយថ្ងៃបីដងថា “ការទន្ទេញ ជាមាតានៃការរៀនសូត្រ”។ យើងក៏បាននិយាយតែក្នុងចិត្តថា “ការទន្ទេញគឺជារឿងដែលគួរឲ្យធុញទ្រាន់”។
ការទន្ទេញជាការថាដដែលៗញយៗ ឲ្យចាំមាត់ ជាសកម្មភាពច្រំដែល ដែលអាចធ្វើឲ្យយើងមានការនឿយណាយ។ តែសព្វថ្ងៃនេះ ខ្ញុំដឹងថា ភាគច្រើននៃជីវិតយើង គឺគ្រាន់តែជាការធ្វើច្រំដែល នូវការអ្វីដែលគួរឲ្យធុញទ្រាន់ គ្មានការបណ្តាលចិត្ត និងគ្មានភាពក្លៀវក្លា ដែលយើងត្រូវធ្វើម្តងហើយម្តងទៀត។ ទស្សនវិទូដាណឺម៉ាក ឈ្មោះ សូរេន ខឺខេហ្កាត(Søren Kierkegaard) បានមានប្រសាសន៍ថា “ការធ្វើច្រំដែល ជាអ្វីដែលយើងធ្វើជាធម្មតា ហើយមានការចាំបាច់ ដូចជាការញាំនំប៉័ងដែរ”។ តែគាត់ក៏បាននិយាយបន្ថែមទៀតថា “ការធ្វើច្រំដែលអាចជានំប៉័ងដែលធ្វើឲ្យយើងឆ្អែត ដោយព្រះពរ”។
បើសិនជាយើងធ្វើកិច្ចការដដែលៗ ថ្វាយព្រះអស់រយៈពេលជាច្រើនឆ្នាំ នោះចូរយើងបន្តធ្វើកិច្ចការនីមួយៗ កុំឲ្យណាយចិត្ត ទោះកិច្ចការទាំងនោះ មានភាពសាមញ្ញ តូចទៀប ឬហាក់ដូចជាមិនសូវមានតម្លៃក៏ដោយ ហើយត្រូវទូលសូមឲ្យព្រះទ្រង់ប្រទានពរដល់កិច្ចការទាំងនោះ និងសូមឲ្យទ្រង់ជួយឲ្យយើងធ្វើត្រូវតាមគោលបំណងទ្រង់។ កាលណាយើងធ្វើដូចនេះ គឺមានន័យថា យើងស្ម័គ្រចិត្តទទួលយកភាពគួរឲ្យធុញទ្រាន់នៃជីវិត ហើយឲ្យព្រះទ្រង់កែប្រែការទាំងនោះ ទៅជាកិច្ចការដ៏បរិសុទ្ធ…
ផ្លូវដ៏រលាក់
មិត្តសំឡាញ់របស់ខ្ញុំម្នាក់ដែលចូលចិត្តទៅស្ទូចត្រីជាមួយខ្ញុំ បានប្រាប់ខ្ញុំថា មានបឹងមួយដែលមានដើមស្រល់ដុះជុំវិញ មានទីតាំងនៅជើងភ្នំខាងជើង របស់ភ្នំចាក់ហ៊ែនឌល រដ្ឋអ៊ីដាហូ។ មានពាក្យចចាមអារ៉ាមថា មានត្រីត្រោតធំៗណាស់ កំពុងពួនសំងំ ក្នុងបឹងនោះ។ គាត់ក៏បានយកខ្មៅដៃ និងកូនកន្សែងមួយសន្លឹក មកគូរផែនទីមួយឲ្យខ្ញុំ។ បីបួនសប្តាហ៍ក្រោយមក ខ្ញុំក៏បានចាក់សាំងឡានរបស់ខ្ញុំ ហើយចេញដំណើរទៅតាមទិសដៅ ដែលមិត្តភក្តិខ្ញុំបានគូសបង្ហាញក្នុងផែនទីនោះ។
ផែនទីរបស់គាត់បាននាំខ្ញុំធ្វើដំណើរ តាមផ្លូវអាក្រក់បំផុត ដែលខ្ញុំមិនដែលបើកបរពីមុនមក! វាជាផ្លូវចាស់មួយ ដែលគេបានឈូសឆាយកាត់ព្រៃសម្រាប់ឲ្យឡានធំៗដឹកឈើ ចេញពីព្រៃ ហើយក៏មិនដែលកែលម្អម្ដងណាឡើយ។ ផ្លូវនោះមានគ្រលុកទឹកច្រោះ ដើមឈើរលំកាត់ផ្លូវ ស្នាមខូងជ្រៅៗ និងមានថ្មធំៗដែលធ្វើឲ្យព្រឺឆ្អឹងខ្នង ហើយកល់បាតក្រោមឡានរបស់ខ្ញុំ។ ខ្ញុំចំណាយពេលអស់កន្លះព្រឹក ទំរាំទៅដល់គោលដៅរបស់ខ្ញុំ ហើយនៅពេលខ្ញុំបានទៅដល់ ខ្ញុំក៏បានសួរខ្លួនឯងថា “ហេតុអ្វីមិត្តភក្តិខ្ញុំ ឲ្យខ្ញុំធ្វើដំណើរតាមផ្លូវលំបាកដូច្នេះទៅវិញ?”
ប៉ុន្តែ បឹងនោះពិតជាអស្ចារ្យមែន។ ខ្ញុំក៏បានឃើញមានត្រីធំៗមែន! តាមពិត មិត្ដភក្ដិរបស់ខ្ញុំបានប្រាប់ឲ្យខ្ញុំធ្វើដំណើរតាមផ្លូវត្រូវហើយ គឺជាផ្លូវដែលខ្ញុំខ្លួនឯងក៏អាចជ្រើសរើសដែរ ហើយអាចនឹងអត់ធ្មត់ទ្រាំទ្របាន បើសិនជាខ្ញុំបានដឹងពីដំបូងថា មានអ្វីកំពុងរង់ចាំខ្ញុំ នៅចុងបញ្ចប់។
បទពិសោធន៍ថ្ងៃនោះ បានធ្វើឲ្យខ្ញុំនឹកចាំបទគម្ពីរដែលបានចែងថា “អស់ទាំងផ្លូវនៃព្រះយេហូវ៉ា សុទ្ធតែប្រកបដោយសេចក្ដីសប្បុរស នឹងសេចក្ដីពិត ចំពោះអស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា នឹងសេចក្ដីបន្ទាល់របស់ទ្រង់” (ទំនុកដំកើង ២៥:១០)។ ផ្លូវរបស់ព្រះសម្រាប់យើង មានខ្លះរដិបរដុប និងរលាក់ ខ្លះទៀតគួរឲ្យនឿយហត់ និងគួរឲ្យធុញទ្រាន់…
សត្វខ្លាឃ្មំឈ្មោលពីរក្បាលឈ្លោះគ្នា
ជាច្រើនឆ្នាំកន្លងមក ខារ៉ូលីន(Carolyn) ភរិយារបស់ខ្ញុំ បានចំណាយពេលបោះជំរុំជាមួយខ្ញុំពីរបីថ្ងៃ នៅតាមចង្កេះភ្នំ រេនា ក្នុងរដ្ឋវ៉ាស៊ីនតុន។ នៅពេលល្ងាចថ្ងៃមួយ ពេលយើងវិលត្រឡប់មកកន្លែងបោះជំរុំយើងវិញ យើងក៏បានឃើញសត្វខ្លាឃ្មំឈ្មោលពីក្បាល កំពុងឈ្លោះគ្នា ដោយទះស្លឹកត្រចៀកគ្នាទៅវិញទៅមក នៅកណ្តាលវាលស្មៅ។ យើងក៏បាននៅមើលពួកវាប្រយុទ្ធគ្នា ពីចម្ងាយ។ មានអ្នកដើរព្រៃម្នាក់ នៅក្បែរនោះ ហើយខ្ញុំក៏បានសួរគាត់ថា ហេតុអ្វីបានជាពួកវាឈ្លោះគ្នា។ គាត់ក៏បានប្រាប់ថា “គឺមកពីខ្លាឃ្មំញីមួយក្បាល”។ ខ្ញុំក៏សួរថា “ខ្លាឃ្មំញីនោះនៅឯណា?” គាត់ឆ្លើយទាំងសើចក្អឹកៗថា “អូហ៍ វាទៅបាត់២០នាទីហើយ”។ ដូចនេះ ខ្ញុំក៏បានសន្និដ្ឋានថា ជម្លោះរវាងសត្វខ្លាឃ្មំឈ្មោលទាំងពីរ មិនមែនដោយសារមេខ្លាឃ្មំទេ ត្រង់ចំណុចនេះ គឺមកពីពួកវាចង់ប្រកួត ឲ្យដឹងថា មួយណាខ្លាំងជាង។
ការប្រយុទ្ធភាគច្រើន មិនមែនដើម្បីគោលនយោបាយ ឬគោលការណ៍ ឬដើម្បីរកខុសត្រូវឡើយ តែគឺដោយសារអំណួត ស្ទើរតែគ្រប់ពេល។ អ្នកប្រាជ្ញ ដែលនិពន្ធបទគម្ពីរសុភាសិត បានជីកចំឫសនៃបញ្ហាទាំងឡាយ ពេលដែលគាត់សរសេរថា “ផលនៃសេចក្តីឆ្មើងឆ្មៃ(ឬអំណួត) នោះមានតែការទាស់ទែងគ្នាប៉ុណ្ណោះ”(១៣:១០)។ ជម្លោះត្រូវបានដុតបញ្ឆេះ ដោយសារអំណួត ដែលចង់ឲ្យគេគិតថា ខ្លួនត្រូវ ឬចង់ធ្វើអ្វីៗតាមចិត្តខ្លួនឯង ឬមួយចង់ការពារមុខមាត់ ឬតម្លៃរបស់ខ្លួនឯង។
ផ្ទុយទៅវិញ ប្រាជ្ញានៅជាប់នឹងអ្នកដែលទទួលការអប់រំបានល្អ គឺអ្នកដែលបានស្តាប់ និងរៀនសូត្រ ដោយបើកចិត្តនិងបន្ទាបខ្លួនទទួលការបង្រៀន។ ប្រាជ្ញាមាននៅក្នុងអ្នកដែលចេះបន្ទាបខ្លួន អ្នកដែលដោះក្តីប្រាថ្នាដ៏ខ្ពស់របស់ខ្លួនចេញ…
នៅមាត់រូង
មានរូងកំអែលភ្នំភ្លើងដ៏វែងមួយ នៅក្រោមដី ភាពខាងត្បូងនៃក្រុងឃូណា រដ្ឋអីដាហូ ដែលមានភាពល្បីល្បាញ ចំពោះប្រជាជននៅក្នុងតំបន់។ ខ្ញុំដឹងថា រូងនោះ មានច្រកចូលមួយ ដែលបើកចុះទៅក្រោមដូចអណ្តូង ឆ្ពោះទៅរកភាពងងឹត។ កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានឈរនៅមាត់រូងនោះ ហើយក៏បានអើតមើលទៅក្រោម។ ខ្ញុំមានអារម្មណ៍ថា ចេះតែចង់ចូលទៅមើលឲ្យកាន់តែជិត ហើយក៏ស្ទើរតែទាប់ខ្លួនមិនជាប់ ហៀបនឹងធ្លាក់ទៅក្រោម។ ពេលនោះ ខ្ញុំក៏បុកពោះ ដោយបេះដូងលោតខុសចង្វាក់ ហើយក៏ប្រញាប់ថយចេញពីមាត់រូងនោះយ៉ាងលឿន។
អំពើបាបមានលក្ខណៈទាក់ទាញដូចនេះឯង គឺវាអាចប្រើភាពចង់ដឹងចង់ឃើញរបស់យើង ដើម្បីល្បួងយើង ឲ្យចូលទៅរកភាពងងឹត។ តើមានពេលប៉ុន្មានដងហើយ ដែលមនុស្សទំាងប្រុសទាំងស្រី បានខំចូលទៅជិតមាត់ច្រកនៃភាពងងឹត ហើយក៏ទប់ខ្លួនលែងជាប់ ធ្លាក់ចូលទៅក្នុងភាពងងឹតនោះ? ពេលនោះពួកគេក៏បានបំផ្លាញគ្រួសារ កេរ្តិ៍ឈ្មោះ និងអាជីពខ្លួនឯង ដោយសារអំពើកំផឹតសាហាយស្មន់ ដែលពីដំបូង “គ្រាន់តែ” ជាការឌឺដងគ្នាលេង ប៉ុន្តែ ក្រោយមក វាក៏បានប្រែក្លាយជាការគិត ហើយក៏ប្រព្រឹត្តតែម្តង។ ពេលដែលខ្លួនបានធ្វើខុសជ្រុសអស់ហើយ ពួកគេក៏បានក្រឡេកមកក្រោយ ហើយនិយាយថា “ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំនឹងធ្វើដល់ថ្នាក់នេះសោះ”។
យើងគិតថា យើងអាចលេងសើចជាមួយការល្បួង ហើយដើរចូលទៅជិតមាត់រូងនៃភាពងងឹត រួចដើរចេញ តែនេះគ្រាន់តែជាការស្រមើស្រមៃដ៏ល្ងង់ខ្លៅប៉ុណ្ណោះ។ យើងដឹងថា ការប្រព្រឹត្តបែបនោះ គឺមិនត្រឹមត្រូវទេ តែយើងបែរជាលេងសើចនឹងវា។ បន្ទាប់មក យើងជៀសមិនរួចពីត្រូវវាទាញនាំចូលកាន់តែជ្រៅ ទៅក្នុងអំពើរំលងដ៏ខ្មៅងងឹត។ ព្រះយេស៊ូវបានមានបន្ទូលថា…
សម្លេងនៅពេលយប់
បទគម្ពីរទំនុកដំកើង ជំពូក ១៣៤ មានតែ៣ខទេ តែវាជាភស្តុតាងបញ្ជាក់ថា កិច្ចការដ៏តូចអាចមានន័យច្រើនសន្ធឹក។ ក្នុងជំពូកនេះ ពីរខដំបូងនិយាយអំពីការលើកទឹកចិត្តដល់ពួកសង្ឃដែលធ្វើការបម្រើ ក្នុងដំណាក់ព្រះ រៀងរាល់យប់។ អគារព្រះវិហារងងឹត ហើយហាក់ដូចនៅទទេ គ្មានអ្វីដែលគួរឲ្យកត់សំគាល់ទេ។ តែអ្នកបម្រើព្រះទាំងនេះបានទទួលការលើកទឹកចិត្តឲ្យ “ប្រណម្យដៃទៅឯទីបរិសុទ្ធ ហើយសូមឲ្យព្រះយេហូវ៉ាបានព្រះពរ”(ខ.២)។ រីឯខ.៣វិញ គឺជាសម្លេងរបស់ពួកជំនុំ ដែលបន្លឺឡើង ក្នុងពេលយប់ងងឹត និងឯកកោនោះថា “សូមឲ្យព្រះយេហូវ៉ា ដែលទ្រង់បង្កើតផ្ទៃមេឃ និងផែនដី ទ្រង់ប្រទានពរដល់អ្នករាល់គ្នា ពីក្រុងស៊ីយ៉ូនមកផង”។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកបម្រើព្រះអម្ចាស់ដទៃទៀត ក្នុងពេលសព្វថ្ងៃ ដែលមានដូចជាគ្រូគង្វាល និងក្រុមគ្រួសាររបស់ពួកគេ ដែលកំពុងបម្រើព្រះក្នុងព្រះវិហារតូចៗ នៅតំបន់ដាច់ស្រយ៉ាល។ ជាញឹកញាប់ ពួកគេច្រើនតែមានការបាក់ទឹកចិត្ត ត្រូវល្បួងឲ្យអស់សង្ឃឹម ខណៈពេលដែលពួកគេប្រឹងប្រែងអស់ពីចិត្ត ទំាងធ្វើការបម្រើដោយគ្មានគេចាប់អារម្មណ៍ និងឲ្យរង្វាន់។ ជួនកាល ពួកគេឆ្ងល់ថា តើមាននរណាខ្វល់អំពីការអ្វីដែលពួកគេកំពុងធ្វើទេ? តើមាននរណាគិតពីពួកគេ អធិស្ឋានឲ្យពួកគេ ឬចាត់ទុកពួកគេជាផ្នែកមួយនៃជីវិតខ្លួនដែរឬទេ?
សម្រាប់អ្នកដែលមានអារម្មណ៍ឯកកោ ឬគិតថាខ្លួនគ្មានសារៈសំខាន់ ខ្ញុំសូមលើកទឹកចិត្តថា ទោះបីជាកិច្ចការរបស់អ្នកមានទំហំតូចមែន តែខ្លួនអ្នកជាព្រះវិហារបរិសុទ្ធរបស់ព្រះ។ ព្រះអាទិករដែលបានបង្កើតផ្ទៃមេឃ និងផែនដី ទ្រង់កំពុងធ្វើការនៅក្នុង និងតាមរយៈអ្នក។ ចូរ “ប្រណម្យដៃឡើង” ហើយសរសើរដំកើងព្រះអង្គចុះ។-David Roper
កាន់តែចូលជិតបានមួយជំហានទៀត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងមិត្តភក្តិរបស់ខ្ញុំម្នាក់ បានឡើងជួរភ្នំវីតនី ដែលមានកំពស់៤៤២១ ម៉ែត្រ ជាជួរភ្នំខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក។ កាលនោះ យើងបានធ្វើដំណើរមកដល់កន្លែងបោះជំរុំ វីតនី ផូរធល នៅពេលយប់។ ហើយក៏បានលាតកម្រាលភួយសម្រាប់គេង នៅក្នុងជំរុំ ហើយបានព្យាយាមគេងឲ្យបានច្រើន មុនពេលយើងចាប់ផ្តើមឡើងភ្នំ នៅពេលព្រលឹម។ ការឡើងភ្នំវីតនី មិនតម្រូវឲ្យយើងតោងឡើងថ្មចោទៗនោះទេ គឺយើងគ្រាន់តែឡើង ដោយថ្មើរជើងតាមផ្លូវចោទ ដែលមានចម្ងាយជាង១៧គីឡូម៉ែត្រ ឡើងទៅខាងលើកំពូលភ្នំ ធ្វើឲ្យយើងហត់យ៉ាងខ្លាំង។
ថ្វីដ្បិតតែការឡើងភ្នំនោះមានការពិបាកមែន តែយើងមានចិត្តសប្បាយរីករាយ ដោយបានឃើញទេសភាពដែលគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ដែលមានបឹងពណ៌ខៀវដ៏ស្រស់ស្អាត និងវាលស្មៅនៅតាមផ្លូវ។ ប៉ុន្តែ ផ្លូវឡើងទៅលើមានចម្ងាយឆ្ងាយ ហើយធ្វើឲ្យហត់ ធ្វើឲ្យយើងដឹងថា ជើង និងសួតរបស់យើងអាចទ្រាំទ្ររួចឬអត់។ ខ្ញុំក៏គិតចង់ត្រឡប់ទៅខាងក្រោមវិញ ខណៈពេលដែលថ្ងៃជិតអស្តង្គត ហើយផ្លូវដែលនៅពីមុខយើង ហាក់ដូចជាកាន់តែឆ្ងាយទៅៗគ្មានទីបញ្ចប់។
ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះ ខ្ញុំបានមើលទៅជួរភ្នំ ហើយក៏បានដឹងថា ជំហាននីមួយៗដែលខ្ញុំបានបោះទៅមុខ កំពុងតែនាំខ្ញុំឲ្យកាន់តែជិតទៅដល់កំពូលភ្នំ។ បើខ្ញុំគ្រាន់តែបន្តដើរទៀត ខ្ញុំមុខជានឹងបានទៅដល់គោលដៅ។ ការគិតដូចនេះ បានជួយឲ្យខ្ញុំបន្តដំណើរទៅមុខទៀត។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំសេចក្តីបង្រៀនរបស់សាវ័កប៉ុល ពេលដែលគាត់បញ្ជាក់យើងថា “សេចក្តីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ”(រ៉ូម ១៣:១១)។ ពេលថ្ងៃមួយទៀតបានមកដល់ គឺមានន័យថា យើងរស់នៅកាន់តែជិតដល់ថ្ងៃដ៏អស្ចារ្យ បានមួយថ្ងៃទៀតហើយ គឺកាន់តែជិតដល់ថ្ងៃដែលយើងនឹង “បានជួប” …
លះបង់កញ្ចក់ឆ្លុះមុខរបស់យើង
ពេលលោកម៉ូសេបានប្រមូលពួកកូនចៅអ៊ីស្រាអែល ឲ្យចាប់ផ្តើមសាងសង់ត្រសាលជំនុំ(និក្ខមនំ ៣៥-៣៩) គាត់បានហៅលោកបេតសាលាល ដែលជាជាងដ៏ចំណាន ឲ្យមកជួយការងារចម្លាក់លម្អរ។ គេក៏បានឲ្យពួកស្រ្តីប្រគល់កញ្ចក់ឆ្លុះមុខធ្វើពីលង្ហិន ដើម្បីយកទៅផលិតចានក្លាំពីលង្ហិន សម្រាប់ប្រើក្នុងត្រសាលជំនុំ(៣៨:៨)។ ពួកគេក៏បានលះបង់កញ្ចក់ឆ្លុះមុខនោះ ដើម្បីជួយរៀបចំឲ្យមានកន្លែង សម្រាប់ឲ្យព្រះវត្តមានព្រះគង់នៅខាងក្នុង។
ចុះបើសិនជាគេឲ្យយើងលះបង់កញ្ចក់ឆ្លុះមុខរបស់យើងវិញ តើយើងនឹងគិតយ៉ាងណា? មនុស្សភាគច្រើនមុខជាមានការពិបាក បើសិនជាពួកគេត្រូវរស់នៅ ដោយគ្មានកញ្ចក់ឆ្លុះមុខប្រើ។ គេមិនដែលដកហូតកញ្ចក់ឆ្លុះមុខពីយើងទេ តែការលះបង់របស់ស្ត្រីជនជាតិយូដា បានបង្រៀនយើងថា ការគិតពីសម្រស់ខ្លួនឯងពេក គឺមិនល្អទេ។ វាអាចធ្វើឲ្យយើងគិតពីខ្លួនឯងខ្លាំងពេក ហើយមិនបានគិតពីអ្នកដទៃឲ្យបានគ្រប់គ្រាន់។
ពេលដែលយើងមិនខ្វល់ពីរូបរាង្គរបស់ខ្លួនឯង ដែលយើងបានឃើញក្នុងកញ្ចក់ ហើយនឹកចាំថា ព្រះទ្រង់ស្រឡាញ់យើង ទោះយើងភាពខ្វះចន្លោះយ៉ាងណា នោះយើងអាចចាប់ផ្តើម “ស្វែងរកតែប្រយោជន៍ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះឡើយ តែត្រូវស្វែងរកប្រយោជន៍អ្នកដទៃផងដែរ”(ភីលីព ២:៤)។
យើងងាយនឹងវង្វេង នៅក្នុងការស្រឡាញ់ខ្លួនឯង តែយើងក៏ងាយនឹងរកឃើញអំណរ ក្នុងការស្រឡាញ់អ្នកដទៃ។ ឬអាចនិយាយបានម្យ៉ាងទៀតថា អាថ៌កំបាំងនៃសុភមង្គល មិនស្ថិតនៅត្រង់ការមានរូបសម្រស់ស្អាតនោះទេ តែស្ថិតនៅត្រង់ការរៀបចំចិត្តឲ្យបានត្រឹមត្រូវ ដោយលះបង់ជីវិត និងអាត្មាខ្លួនឯង ដោយក្តីស្រឡាញ់។-David Roper
ការសម្រាកយ៉ាងសុខសាន្ត
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំនិងប្រាយអិន(Brian) កូនប្រុសរបស់ខ្ញុំ បាននាំគ្នាដឹកជញ្ជូនសម្ភារៈមួយចំនួន ទៅកសិដ្ឋានរបស់មិត្តភក្តិយើងម្នាក់ នៅតំបន់ដាច់ស្រយ៉ាលក្នុងរដ្ឋអ៊ីដាហូ។ គេមិនមានផ្លូវថ្នល់ សម្រាប់បើកឡានចូលក្នុងតំបន់នោះទេ គឺមានតែផ្លូវលំ ដែលឡានរបស់ខ្ញុំមិនអាចបើកបរបាន។ ដូចនេះ លោករ៉ាប(Ralph) ដែលជាអ្នកគ្រប់គ្រងវ័យក្មេង របស់កសិដ្ឋាននោះ ក៏បានឲ្យយើងឈប់នៅចុងផ្លូវ ដើម្បីឲ្យគាត់មកទទួលយើង ដោយរទេះសេះ ដែលអូសទាញដោយសត្វលាកាត់មួយគូ។ នៅតាមផ្លូវទៅកាន់កសិដ្ឋាននោះ ខ្ញុំក៏បាននិយាយគ្នាលេងជាមួយលោករ៉ាប ហើយខ្ញុំក៏បានដឹងថា គាត់បានរស់នៅក្នុងដីកសិដ្ឋាននោះពេញមួយឆ្នាំៗ។ ខ្ញុំក៏បានសួរគាត់ថា “នៅរដូវរងា តើអ្នកមានការពិបាកក្នុងការរស់នៅទេ?” ខ្ញុំសួរដូចនេះ ព្រោះខ្ញុំដឹងថា នៅតំបន់ដាច់ស្រយ៉ាលដូចនេះ រដូវរងារគឺមានរយៈពេលវែង ហើយមានការពិបាកណាស់ ហើយម្យ៉ាងទៀត កសិដ្ឋានមិនមានអគ្គីសនី ឬសេវាទូរស័ព្ទទេ គឺមានតែវិទ្យុទាក់ទងផ្កាយរណប។ គាត់ក៏បាននិយាយយឺតៗថា “ជាការពិតណាស់ នៅទីនេះមានសភាពស្ងប់ស្ងាត់ល្អណាស់”។
នៅថ្ងៃ ដែលយើងទទួលរងសំពាធគ្រប់បែបយ៉ាង ក្នុងការរស់នៅ ជួនកាល យើងស្រេកឃ្លានសន្តិភាព និងភាពស្ងប់ស្ងាត់។ បរិយ៉ាកាសមានសម្លេងរំខានច្រើនពេក ហើយក៏មានមនុស្សនៅក្បែរយើងច្រើនពេក បានជាយើងចង់ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។ តើយើងអាចរកកន្លែងស្ងប់ស្ងាត់ ដើម្បីសម្រាកឬទេ? ជាការពិតណាស់ យើងពិតជាអាចរកបានកន្លែងស្ងប់ស្ងាត់។ ពេលយើងអាចចំណាយពេលមួយភ្លែត ដើម្បីជញ្ជឹងគិតអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ ហើយផ្ទេរគ្រប់ទាំងបន្ទុកដល់ទ្រង់ យើងនឹងរកឃើញកន្លែងដ៏ស្ងប់ស្ងាត់ ដែលមានពេញដោយព្រះវត្តមានព្រះ និងសន្តិភាព។-David…
ចូលជ្រកក្នុងព្រះអង្គ
កាលនៅពីក្មេង ក្រុមគ្រួសាររបស់ខ្ញុំបានរស់នៅ ក្នុងផ្ទះមួយខ្នងដែលឪពុកខ្ញុំបានសង់ ក្នុងតំបន់ខាងលិច នៃទីក្រុងដាន់ខិនវីល រដ្ឋតិចសាស់។ ផ្ទះរបស់យើងមានផ្ទះបាយដ៏តូច ដែលមានតុសម្រាប់ញំាអាហារជុំគ្នា និងមានបន្ទប់គេងពីរ ហើយមានបន្ទប់ធំមួយ ដែលមានជើងក្រានកម្តៅផ្ទះដ៏ធំដែលធ្វើពីថ្ម ដែលយើងអាចដុតអុសដែលមានប្រវែងកន្លះម៉ែត្របាន។ ជើងក្រានកម្តៅផ្ទះនោះ ជាកន្លែងកម្តៅ ដែលសំខាន់ជាងគេនៅក្នុងផ្ទះយើង នៅរដូវរងា។
នៅក្នុងគ្រួសារខ្ញុំ មានមនុស្ស៥នាក់ ដែលមានឪពុក និងម្តាយរបស់ខ្ញុំ បងស្រី បងប្អូនជីដូនមួយ និងខ្ញុំ។ ដោយសារយើងមានបន្ទប់គេងតែពីរ ខ្ញុំក៏បានគេងនៅលើកម្រាលព្រុំ នៅលើវេរ៉ង់ដា ពេញមួយឆ្នាំ។ ការគេងនៅទីនោះ មានភាពសប្បាយរីករាយ នៅរដូវក្តៅ តែត្រជាក់ខ្លាំង នៅរដូវរងា។
ខ្ញុំនៅចាំថា ដោយសារអាកាសធាតុត្រជាក់ពេក ពេលខ្ញុំចេញពីបន្ទប់ទទួលភ្ញៀវដែលមានភាពកក់ក្តៅ ចូលទៅក្នុងវេរ៉ង់ដាម្តងៗ ខ្ញុំត្រូវរត់ ឬដើរជំទើតចុងជើងឲ្យលឿន ពីលើរនាបឈើដ៏ត្រជាក់ ដោយជើងទទេ ហើយលោតទៅលើគ្រែគេង និងកប់ខ្លួននៅក្រោមគំនរភួយ។ បន្ទាប់មក ពេលដែលមានទឹកកក់ធ្លាក់ ឬមានភ្លៀងធ្លាក់លាយទឹកកក ឬមួយព្រឹលធ្លាក់មកលើផ្ទះរបស់យើង ហើយខ្យល់បក់ថ្ងួចថ្ងូរខាងក្រោមដំបូលផ្ទះ ដូចសម្លេងសត្វឆ្កែចចកមួយហ្វូងកំពុងលូ ខ្ញុំក៏បានសង្ងំនៅក្នុងជម្រកដ៏សុខសាន្តនោះ។ ម្តាយខ្ញុំធ្លាប់និយាយថា ខ្ញុំបានចូលសម្ងំ ដូចសត្វល្អិតជ្រកក្រោមកម្រាលព្រំ។ ត្រង់ចំណុចនេះ តើមានក្មេងណា ដែលមានអារម្មណ៍ថាកក់ក្តៅ និងមានសុវត្ថិភាពដូចនេះទេ។
សព្វថ្ងៃនេះ ខ្ញុំដឹងថា ខ្ញុំអាចរកឃើញសុវត្ថិភាពដ៏ប្រសើរបំផុត នៅក្នុងព្រះ។…